ទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី១៨ កញ្ញា៖ កាលពីយប់មិញ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើលិខិតជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានអាស៊ានលោក Anwar Ibrahim ព្រមទាំងមេដឹកនាំចិន អាមេរិក បារាំង អង្គការសហប្រជាជាតិ និងប្រទេសនិងអង្គការផ្សេងទៀត ដើម្បីជូនដំណឹងអំពីស្ថានការណ៍ធ្ងន់ធ្ងរដែលលោកថា យោធាថៃគ្រោងប្រើកម្លាំងដណ្តើមទីតាំង១៧កន្លែងនៅកម្ពុជា។
តាមសេចក្តីប្រកាសក្រសួងការបរទេសកម្ពុជា លោក ហ៊ុន ម៉ាណែត ថាមានព័ត៌មានស៊ើបការណ៍គួរឱ្យទុកចិត្តថា យោធាថៃគ្រោងដណ្តើមទីតាំង១៧កន្លែងពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុងតាមមធ្យោបាយយោធា។ លោកថាតំបន់ខាងលិចនិងនិរតីទាំងនេះជាទឹកដីស្របច្បាប់របស់កម្ពុជា។
នាយករដ្ឋមន្ត្រីលើកឡើងថា ថៃប្រើផែនទីមាត្រដ្ឋាន១:៥០,០០០ដែលគូរដោយឯកតោភាគី ជំនួសផែនទី១:២០០,០០០ដែលទទួលស្គាល់រួមគ្នា។ លោកពណ៌នាថា ផែនទីក្រោយនេះជាលទ្ធផលគណៈកម្មការព្រំដែនតាមសន្ធិសញ្ញាបារាំង–សៀមឆ្នាំ១៩០៤និង១៩០៧ ត្រូវបានតុលាការយុត្តិធម៌អន្តរជាតិបញ្ជាក់ និងទទួលស្គាល់ឡើងវិញក្នុងអនុស្សរណៈកម្ពុជា–ថៃឆ្នាំ២០០០។
លោក ហ៊ុន ម៉ាណែត ព្រមានថា ការកំណត់ព្រំដែនឯកតោភាគីនិងការអនុវត្តយុត្តាធិការរបស់ថៃលើទឹកដីកម្ពុជា រំលោភធ្ងន់ធ្ងរលើអធិបតេយ្យភាពកម្ពុជា ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ហើយអាចបង្កជម្លោះក្នុងតំបន់ គំរាមសន្តិភាពនិងស្ថិរភាពអាស៊ីអាគ្នេយ៍។
សម្រង់ដោយស្ថានីយ៍នេះ








