រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រោយលេចព័ត៌មានថាគេបើកព្រំដែនឡើងវិញស្ថាប័នជំនាញបំភ្លឺថាច្រកទ្វាព្រំដែនកម្ពុជា-ថៃនៅមិនទាន់បើកឡើងវិញទេ

សេចក្តីសង្ខេប

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា ច្រកព្រំដែនកម្ពុជា–ថៃមិនទាន់បើកឡើងវិញ គិតត្រឹមថ្ងៃទី១៧ កញ្ញា ២០២៥។ សេចក្តីបំភ្លឺថ្ងៃទី១៨ កញ្ញាថា គណនី Heng Heng យកវីដេអូចាស់ថ្ងៃទី១១ មិថុនាមកបង្ហោះ បង្កការភ័ន្តច្រឡំ។

ច្រកទ្វាព្រំដែនអន្តរជាតិនានា និងច្រកទ្វាតំបន់ទាំងអស់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅមិនទាន់បើកដំណើរការឡើងវិញនោះទេ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។ នេះបើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Heng Heng ដែលបានបង្ហោះវីដេអូ និងខ្លឹមសារថា «គេបើកច្រកទ្វាព្រំដែនវិញហើយ តែមេត្តារើបន្លាលួសផង បើបើកគ្រាន់តែបន្លប់បន្លំឱ្យពលរដ្ឋភ្លេចបន្លាលួសស៊យហើយកម្ពុជា»។

ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ Heng Heng គឺជាហ្វេសប៊ុកមិនមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ ហើយមានចេតនាមិនល្អដោយយកវីដេអូព័ត៌មានចាស់របស់លោក ឡៃ លី ជាអ្នកសារព័ត៌មានទូរទស្សន៍ ភីអ៊ិនអ៊ិន (PNN) ដែលធ្វើការផ្សាយផ្សាល់ (Live) នៅបរិវេណប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ មកបង្ហោះម្តងទៀត ដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំជាព័ត៌មានថ្មី។

អគ្គនាយកដ្ឋានអន្តោប្រវេស៍ បានបញ្ជាក់ក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី១៨ ខែកញ្ញានេះថា៖ «គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ច្រកទ្វាព្រំដែនអន្តរជាតិនានា និងច្រកទ្វាតំបន់ទាំងអស់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅមិនទាន់បើកដំណើរការឡើងវិញនោះទេ»៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…