រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល ជាចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងជាកាតាលីករបំផុតក្នុងការផ្លាស់ប្ដូរវិស័យទេសចរណ៍

សេចក្តីសង្ខេប

ក្នុងសិក្ខាសាលាទេសចរណ៍ឌីជីថលនៅសៀមរាប លោក ហួត ហាក់ បានលើកឡើងពីតួនាទីបច្ចេកវិទ្យាឌីជីថល និង AI ក្នុងការបង្កើនការប្រកួតប្រជែង ប្រសិទ្ធភាពអាជីវកម្ម និងសេវាសាធារណៈ។

(សៀមរាប)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី “ទេសចរណ៍ឌីជីថល” កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយអំពីនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍តាមប្រព័ន្ធឌីជីថល បង្កើនឱកាសពិភាក្សាផ្ទាល់រវាងអ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលសម្រាប់គាំទ្រអាជីវកម្មទេសចរណ៍។

ក្នុងឱកាសនេះ មានការចូលរួមពីឯកឧត្តម និងលោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក សមាគមទេសចរណ៍ សហគមន៍ទេសចរណ៍ វាគ្មិនកិត្តិយស ប្រតិបត្តិករទេសចរណ៍ និងសិស្សនិស្សិតប្រមាណ ៣១២នាក់។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានមានប្រសាសន៍ថា ក្នុងបរិបទសកលភាវូបនីយកម្ម និងការវិវត្តឌីជីថលយ៉ាងឆាប់រហ័ស ជាពិសេសការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកសំខាន់ក្នុងជីវិតប្រចាំថ្ងៃ ការសិក្សា អាជីវកម្ម វិទ្យាសាស្ត្រ សុខាភិបាល ការពារជាតិ សេវាសាធារណៈ និងវិស័យទេសចរណ៍។

ឯកឧត្តមបានបន្ថែមថា បច្ចេកវិទ្យាឌីជីថលក្លាយជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់របស់ប្រទេស។ សម្រាប់វិស័យឯកជន បច្ចេកវិទ្យាឌីជីថលត្រូវបានប្រើប្រាស់ដើម្បីចាប់យកឱកាសថ្មីៗ និងបង្កើនឧត្ដមភាពប្រកួតប្រជែង ដោយលើកកម្ពស់ប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម និងធានាការប្រកួតប្រជែងក្នុងទីផ្សារ។

ចំពោះវិស័យសាធារណៈ បច្ចេកវិទ្យាឌីជីថលបានជួយជំរុញការកែទម្រង់ក្នុងប្រព័ន្ធរដ្ឋបាល ដោយកាត់បន្ថយនីតិវិធីស្មុគស្មាញ បង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ធុរជន និងប្រជាពលរដ្ឋជាទូទៅ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…