រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចហ៊ុន សែន៖កម្ពុជាទេត្រូវអរគុណ UNESCO ដែលបានជួយកម្ពុជាលើវិស័យការពារបេតិកភណ្ឌជាតិនិងវិស័យអប់រំ

សេចក្តីសង្ខេប

នៅថ្ងៃទី១៩ កញ្ញា សម្តេច ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្តីទី បានទទួលលោក Sardar Umar Alam ដែលបានបញ្ចប់បេសកកម្ម។ លោកអរគុណ UNESCO ចំពោះការជួយការពារបេតិកភណ្ឌ និងវិស័យអប់រំកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញាបានអនុញ្ញាតឱ្យឯកឧត្ដម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនេះ សម្តេចតេជោ បានអរគុណចំពោះបេសកកម្មរបស់ឯកឧត្ដម Sardar Umar Alam ក្នុងពេលមកបំពេញបេសកកម្មជាតំណាងយូណេស្កូប្រចាំនៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងការការពារបេតិកភណ្ឌជាតិ។

ក្នុងឱកាសនោះ ឯកឧត្ដម Sardar Umar Alam បាននឹករលឹកនិងអរគុណជាពិសេសនៅក្នុងពេលដែលកូវីដ-១៩ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់អង្គការអន្តរជាតិនានា។ ក្នុងនោះ អង្គការបុគ្គលិករបស់យូណេស្កូក៏ទទួលបានការយកចិត្តទុកដាក់ពីសម្ដេចតេជោ និងពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

អ្វីដែលជាការកត់សម្គាល់បន្ថែមទៀត ឯកឧត្តម បានអរគុណចំពោះសម្ដេចតេជោ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេចបានគាំទ្រសកម្មភាពរបស់អង្គការយូណេស្កូគ្រប់បែបយ៉ាង ហើយការគាំទ្រនេះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជាមានភាពល្អប្រសើរនិងរីកចម្រើនជាបន្តបន្ទាប់។

ឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្ដម Sardar Umar Alam សម្ដេចតេជោ បន្តថា កម្ពុជាវិញទេដែលត្រូវអរគុណចំពោះក្រុមការងារក៏ដូចជាអង្គការយូណេស្កូដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទាំងក្នុងវិស័យការពារបេតិកភណ្ឌមនុស្សជាតិ ក៏ដូចជាក្នុងវិស័យអប់រំដែលអង្គការយូណេស្កូបានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជា។

សម្ដេចតេជោ លើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្បត្តិបេតិកភណ្ឌរបស់កម្ពុជាជាច្រើនត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងរូបិយ និងអរូបីដែលបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ហើយមិនអាចខ្វះបាននូវតួនាទីរបស់អង្គការយូណេស្កូក្នុងការជួយជ្រោមជ្រែងនៅក្នុងបញ្ហា ក៏ដូចជាការការពារ និងជំរុញការផ្ដល់ជាយោបល់ដើម្បីធ្វើឱ្យកម្ពុជាអាចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…