ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់របស់ក្រុមហ៊ុនសំបកកង់ចិននៅអាស៊ីអាគ្នេយ៍។ ជាតំបន់ផលិតកៅស៊ូធម្មជាតិសំខាន់មួយរបស់ពិភពលោក កម្ពុជាមានផ្ទៃដីដាំកៅស៊ូ៤២៥.០០០ហិកតា។ ថ្លៃពលកម្មទាបសមរម្យក៏ផ្តល់អត្ថប្រយោជន៍ដល់ការផលិតសំបកកង់។
នៅឆ្នាំ២០២១ ក្រុមហ៊ុន Sailun Tyre បានសាងសង់ និងចាប់ផ្តើមផលិតនៅក្រុងបាវិត ខេត្តស្វាយរៀង ក្លាយជារោងចក្រសំបកកង់ដំបូងនៅកម្ពុជា។ បន្ទាប់មក General Science បានបង្កើតរោងចក្រនៅខេត្តព្រះសីហនុ ហើយ Doublestar បានវិនិយោគរោងចក្រនៅខេត្តក្រចេះ ដោយទាំងពីរត្រូវបានរាយការណ៍ថាបានផលិត និងចំណេញក្នុងឆ្នាំដដែល។ ពេលនេះ ក្រុមហ៊ុនសំបកកង់វិនិយោគចិន៣បានផលិតជាផ្លូវការ និង២ទៀតកំពុងសាងសង់។ ការពង្រីកផលិតកម្មបានជំរុញការនាំចេញ៖ ឆ្នាំ២០២៤ មានតម្លៃ៨៧០លានដុល្លារ កើន១២៩%ធៀបនឹងឆ្នាំមុន ហើយឆមាសទី១ឆ្នាំ២០២៥ លើស៦៥៩លានដុល្លារ កើនជិត៨០% ដល់កម្រិតខ្ពស់ថ្មី។
អ្នកក្នុងវិស័យបានលើកឡើងថា គោលនយោបាយពន្ធអនុគ្រោះរបស់អាម៉េរិក និងធនធានកៅស៊ូសម្បូរបែប បានធ្វើឱ្យកម្ពុជាជាមូលដ្ឋានសំខាន់សម្រាប់ក្រុមហ៊ុនសំបកកង់ចិន ក្នុងការឆ្លងកាត់ឧបសគ្គពាណិជ្ជកម្មអឺរ៉ុប-អាម៉េរិក និងពង្រីកទីផ្សារអន្តរជាតិ។ ការវិនិយោគក៏បង្កើតការងារជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់។ បុគ្គលិកក្នុងស្រុកមានលើស៩០% ហើយមនុស្សជាច្រើនបានឡើងជាប្រធានវេន ប្រធានក្រុម និងអ្នកគ្រប់គ្រងធនធានមនុស្ស ដែលបង្ហាញពីផលវិជ្ជមានជាបន្តបន្ទាប់នៃការកែលម្អឧស្សាហកម្ម។
នៅពេលចំនួនក្រុមហ៊ុនកើនឡើង តម្រូវការភស្តុភារ អគ្គិសនី និងសេវាគាំទ្រក៏កើនឡើង។ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការមេប្រព័ន្ធភស្តុភារឆ្នាំ២០២៣-២០៣៣ និងពន្លឿនគម្រោងកំពង់ផែ និងអគ្គិសនី ដើម្បីគាំទ្របណ្តុំឧស្សាហកម្មសំបកកង់។ អ្នកវិភាគយល់ថា ជាមួយអ្នកផ្គត់ផ្គង់វត្ថុធាតុដើមកាន់តែច្រើន កម្ពុជាអាចក្លាយជាមជ្ឈមណ្ឌលផលិតសំបកកង់ថ្មីក្នុងតំបន់ និងដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន-កម្ពុជា។
ស្ថានីយយើងចងក្រងរាយការណ៍








