នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ទទួលជួបគណៈប្រតិភូចិនដឹកនាំដោយលោក TAO Minglun អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តអានហួយ។ លោកអភិបាលបានលើកឡើងថា សន្តិភាពជាមូលដ្ឋាននៃការអភិវឌ្ឍជាតិ ហើយថ្នាក់ដឹកនាំកម្ពុជាស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា–ថៃដោយសន្តិវិធី។
លោកបានស្វាគមន៍គណៈប្រតិភូក្នុងឆ្នាំខួប៦៧នៃទំនាក់ទំនងការទូតកម្ពុជា–ចិន និងថ្លែងអំណរគុណប្រធានាធិបតីចិន ស៊ី ជីនពីង ដែលជួយសម្របសម្រួលបទឈប់បាញ់កម្ពុជា–ថៃ។ លោកថា កម្ពុជាបន្តគោរពបទឈប់បាញ់ ទោះភាគីថៃបន្តបង្កហេតុក៏ដោយ។
លោកបានណែនាំខេត្តព្រះសីហនុដែលស្ថិតនៅភាគនិរតីកម្ពុជា មានកោះ៣២ និងធនធានសម្រាប់ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍។ លោកហៅខេត្តនេះថា «តារារះនាទិសនិរតី» និងលើកពីផ្លូវទឹក ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ព្រមទាំងកំពង់ផែទឹកជ្រៅជាងគេនៅកម្ពុជា ដែលអាចទទួលនាវាច្រើនប្រភេទ និងដឹកទំនិញទៅទីផ្សារពិភពលោក។
លោកថា ផែនការមេរដ្ឋាភិបាលគ្រោងអភិវឌ្ឍខេត្តជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានឧស្សាហកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុអន្តរជាតិ ទេសចរណ៍ តំបន់កោះ និងកសិកម្ម។ ខេត្តនៅតែត្រូវការដៃគូអភិវឌ្ឍន៍ ហើយលោកអញ្ជើញអ្នកវិនិយោគអានហួយមកវិនិយោគ ដោយរដ្ឋបាលខេត្តស្វាគមន៍និងគាំទ្រអ្នកវិនិយោគពីអានហួយនិងចិន។
លោក TAO Minglun ថ្លែងអំណរគុណអភិបាលខេត្ត និងលើកឡើងពីមិត្តភាពដែកថែបចិន–កម្ពុជា កិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំ និងការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់។ លោកថាឆ្នាំនេះសំខាន់សម្រាប់ការផ្លាស់ប្តូរ ហើយអរគុណអភិបាលដែលបានទៅអានហួយ។
លោកបានសរសើរភូមិសាស្ត្រមាត់សមុទ្រ ធនធាន និងការអភិវឌ្ឍខេត្តព្រះសីហនុក្រោមការដឹកនាំរបស់អភិបាល។ លោកបង្ហាញពីសក្តានុពលអានហួយផ្នែកឧស្សាហកម្ម បច្ចេកវិទ្យា អេឡិចត្រូនិក និងទេសចរណ៍ ហើយគាំទ្រការផ្លាស់ប្តូរនិងវិនិយោគ ព្រមទាំងកិច្ចសហប្រតិបត្តិការអប់រំ សុខាភិបាល និងទេសចរណ៍។
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍សរុប















