តាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ភ្លៀងខ្លាំងបន្តបន្ទាប់បានបង្កទឹកជំនន់នៅខេត្តចំនួន៩របស់កម្ពុជា ដោយខេត្តសៀមរាបរងផលប៉ះពាល់ខ្លាំងជាងគេ។ របាយការណ៍ថ្ងៃទី២៩ ខែកញ្ញា របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា គ្រួសាររាប់ម៉ឺន និងហេដ្ឋារចនាសម្ព័ន្ធបានរងផលប៉ះពាល់។
នៅក្នុងស្រុកចំនួន៤០ មានគ្រួសាររងផលប៉ះពាល់២១.៣៥៧គ្រួសារ និងជម្លៀស១.០៣៧គ្រួសារ។ ផ្ទះ១៧.៣៤៨ខ្នងត្រូវទឹកលិច ហើយដីកសិកម្ម១២.៧៩១ហិកតារងផលប៉ះពាល់ ក្នុងនោះ២៦៧ហិកតាខូចខាតទាំងស្រុង។
ខេត្តសៀមរាបមានគ្រួសាររងផលប៉ះពាល់៦.១៤២គ្រួសារ និងផ្ទះ៦.១៤២ខ្នង ក្នុង៤១ឃុំ នៃ១១ស្រុក។ សាលារៀន វត្ត និងមន្ទីរពេទ្យក៏រងការខូចខាត ដំណាំជិត៤.០០០ហិកតា និងផ្លូវជាង៧០គីឡូម៉ែត្រត្រូវទឹកលិច។
នៅខេត្តក្រចេះ គ្រួសារជាង៤.៣០០ ក្នុង២៥ឃុំ រងផលប៉ះពាល់ និងមានការជម្លៀស២២២គ្រួសារ។ សាលារៀន វត្ត និងមន្ទីរពេទ្យរងការខូចខាត ហើយស្រែ១.០៥៩ហិកតារងផលប៉ះពាល់។
នៅខេត្តស្ទឹងត្រែង គ្រួសារ២.៧៧១ ក្នុង៥ស្រុក រងផលប៉ះពាល់ ព្រមទាំងដីកសិកម្មជាង៤.៨០០ហិកតា។ ដំណាំខ្លះខូចខាតទាំងស្រុង និងផ្លូវមួយចំនួនរងការខូចខាត។
ខេត្តផ្សេងទៀតដែលរងគ្រោះរួមមាន កំពង់ធំ ព្រៃវែង មណ្ឌលគិរី បន្ទាយមានជ័យ និងត្បូងឃ្មុំ ជាដើម។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងថា អាជ្ញាធរថ្នាក់ជាតិ និងមូលដ្ឋានបានដំណើរការឆ្លើយតបបន្ទាន់ ប្រមូលសម្ភារៈនិងកម្លាំង ជម្លៀសប្រជាពលរដ្ឋ វាយតម្លៃការខូចខាត និងស្ដារហេដ្ឋារចនាសម្ព័ន្ធ។
រាយការណ៍សរុបដោយ KPS99TV។











