រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរជូនចំពោះ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសដ៏រីករាយនៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

សេចក្តីសង្ខេប

សម្ដេច ហ៊ុន ម៉ាណែត អបអរសាទរនាយករដ្ឋមន្ត្រីចិន លី ឈាង និងប្រជាជនចិន ក្នុងខួប៧៦ឆ្នាំនៃសាធារណរដ្ឋប្រជាមានិតចិន ដោយរំលឹកគោលដៅ១០០ឆ្នាំ និងប្តេជ្ញាពង្រឹងមិត្តភាពដែកថែប ភាពជាដៃគូយុទ្ធសាស្ត្រ និងសហគមន៍វាសនារួម។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តម និងប្រជាជនចិនជាមិត្ត ក្នុងឱកាសដ៏រីករាយនេះ។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់បក្សកុម្មុយនិស្តចិន និងឯកឧត្តម សាធារណរដ្ឋប្រជាមានិតចិន មានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គម គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះដោយសម្រេចបាននូវគោលដៅ១០០ឆ្នាំ លើកទី១ នៅឆ្នាំ ២០២១ ។ ជាការពិតណាស់ ប្រទេសចិនកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ១០០ឆ្នាំ លើកទី២ នៅឆ្នាំ ២០៤៩ ក្នុងពេលដែលប្រទេសចិនកំពុងដើរតួនាទីសំខាន់ និងកាន់តែលេចធ្លោ នៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈ គំនិតផ្តួចផ្តើមចម្បងៗដែលលើកកម្ពស់ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសន្តិភាព និងចីរភាពសកល។

កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន។

ក្នុងស្មារតីនេះ យើងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញឱ្យសម្រេចបានគោលដៅនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល ក្នុងយុគសម័យថ្មីដែលនាំមកនូវវិបុលភាពយូរអង្វែងដល់ប្រជាជនរបស់យើង និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…