រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

CDC ចុះបញ្ជីគម្រោងវិនិយោគ៥៤៦គម្រោងមានទុន៧.៨ពាន់លានដុល្លារក្នុងពេល៩ខែ

សេចក្តីសង្ខេប

CDC ចុះបញ្ជីគម្រោងវិនិយោគ៥៤៦ មានទុនប្រមាណ៧,៨ពាន់លានដុល្លារ ក្នុង៩ខែដើមឆ្នាំ២០២៥។ ខែកញ្ញាតែមួយមាន៥៥គម្រោង ទុន៤៦៧លានដុល្លារ និងអាចបង្កើតការងារប្រមាណ៣៧ពាន់កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧.៨ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី0២ តុលានេះថា ក្នុងខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤៦៧លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង។

ចំណែក ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៥នេះ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល CDC បានចុះបញ្ជីគម្រោង វិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាម៉េរិក។ ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៩ខែ CDC បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…