អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានណែនាំស្ថាប័នរដ្ឋបាល និងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ឱ្យបង្កើនការបង្ក្រាបឆបោកអនឡាញ និងបទល្មើសគ្រឿងញៀន ព្រមទាំងតាមដានការរំដោះទឹក និងការពារទឹកជំនន់ទូទាំងរាជធានី។ លោកបានដាក់បទបញ្ជានេះក្នុងកិច្ចប្រជុំនៅសាលារាជធានីនាព្រឹកនេះ។
លោកថា ពេលថ្មីៗនេះមានទឹកជំនន់ប៉ះពាល់តំបន់ជាច្រើន រួមទាំងភ្នំពេញ ហើយណែនាំរដ្ឋបាលខណ្ឌឱ្យផ្តល់អាទិភាពដល់ការរំដោះទឹក និងធានាប្រព័ន្ធទឹកហូរបានល្អ។
លោកសង្កត់ធ្ងន់ថា ត្រូវត្រួតពិនិត្យប្រឡាយ និងមាត់លូជាប្រចាំ សហការជាមួយស្ថាប័នជំនាញ ដើម្បីស្តារ និងជួសជុលប្រព័ន្ធឱ្យទាន់ពេល កុំឱ្យទឹកដក់ប៉ះពាល់ចរាចរណ៍ និងជីវភាពប្រជាជន។
មន្ទីរសាធារណការរាជធានីក៏ត្រូវពិនិត្យផ្លូវ និងស្លាកសញ្ញាចរាចរណ៍ភ្លាមៗ ហើយរាយការណ៍បញ្ហាទៅរដ្ឋបាលរាជធានីឱ្យទាន់ពេល។
លោក ឃួង ស្រេង ថាសកម្មភាពឆបោកអនឡាញត្រូវបន្តតាមដានជានិច្ច។ លោកអះអាងថាប្រហែល៨០%នៃករណីត្រូវបានបង្ក្រាប ប៉ុន្តែត្រូវនៅប្រុងប្រយ័ត្នខ្ពស់។
លោកក៏សង្កត់ថា ស្ថាប័នប្រឆាំងគ្រឿងញៀន និងនគរបាលមូលដ្ឋានត្រូវសហការជិតស្និទ្ធ ដើម្បីប្រឈមនឹងការគំរាមគ្រឿងញៀនដែលកាន់តែធ្ងន់ធ្ងរនៅភ្នំពេញ។
រាយការណ៍សរុបដោយស្ថានីយទូរទស្សន៍យើងខ្ញុំ







