រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វិស័យជលផលនៅកម្ពុជាអាចនឹងមានការកើនឡើងច្រើន បន្ទាប់ពីប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្ថិតិជលផលឌីជីថល (Online FishStat System)

សេចក្តីសង្ខេប

ក្រសួងកសិកម្មបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Online FishStat នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដើម្បីពង្រឹងទិន្នន័យជលផល ការគ្រប់គ្រងធនធាន និងសន្តិសុខស្បៀង ដោយមានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងជំនួយបច្ចេកទេសពី FAO។

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធស្ថិតិជលផលឌីជីថល គឺចំពេលវេលា និងឆ្លើយតបតាមតម្រូវការទិន្នន័យកាន់តែប្រសើរ និងជាក់លាក់។ ជាផ្នែកសំខាន់ក្នុងបណ្តុំទិន្នន័យធំដែលភ្ជាប់ និងបំពេញជាមួយវិស័យពាក់ព័ន្ធផ្សេងៗ។ ទិន្នន័យទាំងនេះផ្តល់ព័ត៌មានចាំបាច់សម្រាប់តភ្ជាប់វិស័យជលផល ជាមួយការអភិវឌ្ឍកសិកម្ម និងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តភាព។ វិធីសាស្ត្របញ្ចូលគ្នានេះ គឺសំខាន់ណាស់ សម្រាប់ការធានាសន្តិសុខស្បៀងរយៈពេលវែងសម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងដូចនេះក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្ថិតិជលផលឌីជីថល (Online FishStat System) កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន វិទ្យាស្ថាន អធិការរដ្ឋបាលជលផល២៥ ខណ្ឌរដ្ឋបាលជលផល តំណាងនាយកដ្ឋានផែនការ ស្ថិតិនៃក្រសួងកសិកម្ម លោក Koen Everaert អនុប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិនៃសហភាពអឺរ៉ុប និងលោកស្រី Rebekah Bell ប្រធានអង្គការFAO ប្រចាំនៅកម្ពុជា នៅសណ្ឋាគារសាន់&មូន រាជធានីភ្នំពេញ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការបើកដំណើរការប្រព័ន្ធស្ថិតិជលផល FishStat នេះ មិនត្រឹមតែជាការណែនាំកម្មវិធី ឬបច្ចេកវិទ្យាថ្មីមួយនោះទេ វាជាការបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ដែលយើងអនុវត្តបច្ចេកវិទ្យាឌីជីថលទំនើប សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានជលផល ត្រូវបានរំពឹងថានឹងមានជាការដោះស្រាយបញ្ហាលំបាកផ្សេងៗ។ ប្រព័ន្ធនេះបង្ហាញឱ្យឃើញបានច្បាស់ជាងមុន មិនត្រឹមតែទិន្នន័យបច្ចុប្បន្នទេ ប៉ុន្តែថែមទាំងកំណត់និន្នាការ ស្ថានភាពជលផល រួមមានទាំងឧបករណ៍សម្រាប់គ្រប់គ្រង និងការធ្វើរបាយការណ៍ផ្អែកលើទិន្នន័យឌីជីថលជលផលនេះ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុបសម្រាប់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ និងភាពជាដៃគូសហការ និងដល់អង្គការ FAO សម្រាប់ជំនួយបច្ចេកទេសក្នុងការអនុវត្តន៍កម្មវិធី CAPFISH ជាពិសេសការអភិវឌ្ឍ និងដាក់ឱ្យដំណើរការប្រព័ន្ធ FishStat រួមជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចបាននូវសមិទ្ធផលដ៏មានតម្លៃនេះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…