រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា និងថៃ បន្តពិភាក្សាកិច្ចសហប្រតិបត្តិការកងកម្លាំងតាមបណ្តោយព្រំដែន ដើម្បីបង្កើនទំនុកចិត្ត និងរក្សាសន្តិភាពរួម

សេចក្តីសង្ខេប

តំណាងលេខាធិការដ្ឋាន RBC កម្ពុជា និងថៃជួបនៅច្រកអូរស្មាច់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដោយឯកភាពពង្រឹងទំនាក់ទំនង និងកិច្ចសហការយោធា។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិឲ្យបានជ្រាបថា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា–ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមលេខាធិការដ្ឋាន RBC នៃកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

ប្រតិភូកម្ពុជាត្រូវបានដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរងយោធភូមិភាគទី៤ និងជាប្រធានក្រុមលេខា ខណៈដែលប្រតិភូថៃដឹកនាំដោយ វរសេនីយ៍ឯក យុត្ថាសាត សេតថាឆៃ នាយរងសេនាធិការ កងទ័ពភូមិភាគទី២ និងជាអនុប្រធានក្រុមលេខាធិការ។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន នៅក្នុងដែនសមត្ថកិច្ចរបស់ RBC ដើម្បីបំលែងឲ្យក្លាយជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព ស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) របស់ប្រទេសទាំងពីរ។ ការពិភាក្សានេះក៏បានផ្អែកលើខ្លឹមសារដែលទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពក្នុងការបន្តពង្រឹងការប្រាស្រ័យទាក់ទងគ្នា ទាំងតាមការជួបផ្ទាល់ និងតាមប្រព័ន្ធទំនាក់ទំនងផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងសហការរវាងកងកម្លាំងយោធាឱ្យកាន់តែរឹងមាំ។

គួររំលឹកថា កិច្ចប្រជុំនេះ គឺជាលទ្ធផលបន្តពីកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលភាគីទាំងពីរបានឯកភាពលើបទឈប់បាញ់ និងប្តេជ្ញាចិត្តបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលនៃកិច្ចប្រជុំពិសេសនោះ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរនឹងបន្តខិតខំកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងភាពទំនេរបានតាមបណ្តាញព្រំដែនរបស់ប្រទេសទាំងពីរ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…