តាមសេចក្តីប្រកាសអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាថ្ងៃទី១៧ តុលា ពលរដ្ឋកូរ៉េខាងត្បូង៦៤នាក់ ស្រី៥នាក់ ត្រូវបានយន្តហោះពិសេសកូរ៉េទទួលតាមអាកាសយានដ្ឋានអន្តរជាតិតេជោ ម៉ោង០០:៣០ ថ្ងៃទី១៨ តុលា ២០២៥។ ក្នុងនោះ៥៩នាក់ ស្រី៤នាក់ ពាក់ព័ន្ធការឆបោកអនឡាញ។
តាមព័ត៌មានពីកម្ពុជា អ្នកពាក់ព័ន្ធការឆបោកមានទំនាក់ទំនងនឹងសំណុំរឿងឆបោកអនឡាញឆ្លងដែន។ ភាគីកម្ពុជាថា សកម្មភាពនេះជាលទ្ធផលមួយដំណាក់កាលនៃបទបញ្ជា៩ចំណុចប្រឆាំងឆបោកទូទាំងប្រទេស របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៤ កក្កដា ២០២៥។
គណៈកម្មការប្រឆាំងឆបោកអនឡាញកម្ពុជាថា ការបណ្តេញជនបរទេសពាក់ព័ន្ធជាជំហានច្បាប់សំខាន់ ដើម្បីកាត់បណ្តាញឧក្រិដ្ឋកម្មក្នុងនិងក្រៅប្រទេស។ គណៈកម្មការថា ក្នុងប៉ុន្មានខែកន្លងមក កម្ពុជាបានបណ្តេញជនសង្ស័យឆបោកកូរ៉េខាងត្បូង១៨០នាក់ជាបន្តបន្ទាប់ ហើយកំពុងសហការជាមួយនគរបាលកូរ៉េ ដើម្បីតាមរកអ្នករៀបចំ និងប្រភពប្រាក់។
របាយការណ៍ថា ក្នុងរយៈពេល៤ខែកន្លងមកនៃឆ្នាំ២០២៥ នគរបាលកម្ពុជាបានធ្វើប្រតិបត្តិការរួម៩២លើកនៅ១៨រាជធានី-ខេត្ត ឃាត់ខ្លួនជនសង្ស័យ៣.៤៥៥នាក់ មកពី២០ប្រទេស។ ក្នុងនោះជនបរទេស២.៨២៥នាក់ត្រូវបណ្តេញចេញ ហើយជនសង្ស័យសំខាន់៧៥នាក់ត្រូវបញ្ជូនទៅតុលាការ។
រដ្ឋាភិបាលកម្ពុជាថា នឹងបន្តពង្រឹងសហការជាមួយអង្គភាពអនុវត្តច្បាប់កូរ៉េខាងត្បូង និងប្រទេសផ្សេងទៀត ដើម្បីប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឆបោកអនឡាញ លាងលុយ និងជួញដូរមនុស្ស រក្សាសណ្តាប់ធ្នាប់សង្គម និងមុខមាត់ប្រទេស។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរំលឹកថា៖ «មិនអនុវត្ត មិនសហការ គឺការខកខានបំពេញភារកិច្ច!»។ លោកថា ថ្នាក់ដឹកនាំមូលដ្ឋាននិងអង្គភាពអនុវត្តច្បាប់ត្រូវអនុវត្តបទបញ្ជាប្រឆាំងឆបោកយ៉ាងតឹងរ៉ឹង បើមិនដូច្នោះនឹងប្រឈមការដកតំណែងនិងការទទួលខុសត្រូវ។
ភាគីកម្ពុជាអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្ន រួមគ្នាប្រឆាំងឆបោកអនឡាញ និងបង្កើតបរិយាកាសអ៊ីនធឺណិតមានសុវត្ថិភាពនិងល្អប្រសើរ។
ស្ថានីយយើងប្រមូលព័ត៌មានរាយការណ៍


















