តាមការចុះផ្សាយរបស់សារព័ត៌មានកម្ពុជា នៅថ្ងៃទី១៨ ខែតុលា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបណ្តេញជនជាតិវៀតណាមចំនួន៤៨នាក់ ក្នុងនោះមានស្ត្រី៦នាក់ ចេញពីប្រទេសតាមនីតិវិធីច្បាប់ ក្រោមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង។
ប្រតិបត្តិការនេះធ្វើឡើងតាមច្រកទ្វារអន្តរជាតិក្នុងខេត្តតាកែវ។ អ្នកដែលត្រូវបានបណ្តេញចេញទាំងនេះ ត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសដូចជា ការស្នាក់នៅខុសច្បាប់ ការធ្វើការខុសច្បាប់ ជាពិសេសការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការឆ្លងដែនខុសច្បាប់ និងការកាន់កាប់និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ជនជាតិវៀតណាមទាំង៤៨នាក់ ត្រូវបានបញ្ជូនមកដោយនគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងនាយកដ្ឋានប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ បន្ទាប់ពីស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ សំណុំរឿងរបស់ពួកគេត្រូវបានចាត់ការរួមគ្នា និងអនុវត្តការបណ្តេញចេញតាមនីតិវិធីច្បាប់។
របាយការណ៍បានលើកឡើងថា វិធានការនេះបង្ហាញពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំលឹកជនបរទេសឱ្យគោរពច្បាប់និងបទប្បញ្ញត្តិក្នុងប្រទេស។
ស្ថានីយយើងប្រមូលព័ត៌មានរាយការណ៍















