នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គមផ្លូវការ ដើម្បីបំភ្លឺព័ត៌មានអំពីការបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ។ សម្តេចបញ្ជាក់ថា កម្ពុជាមិនដែលស្នើទៅថៃឱ្យបើកច្រកឡើងវិញ ហើយអំពាវនាវឱ្យប្រជាពលរដ្ឋកុំចាញ់ព័ត៌មានមិនត្រឹមត្រូវ។
សម្តេច ហ៊ុន សែន បានលើកឡើងថា ថ្នាក់ដឹកនាំថៃមួយចំនួន រួមទាំងនាយករដ្ឋមន្ត្រី បាននិយាយជាសាធារណៈជាញឹកញាប់អំពីការបើកច្រកព្រំដែនឡើងវិញ ហើយអាចយកប្រធានបទនេះទៅប្រើក្នុងយុទ្ធនាការបោះឆ្នោតនាពេលអនាគត។ សម្តេចថា ពាក្យទាំងនេះងាយធ្វើឱ្យយល់ច្រឡំថា កម្ពុជាជាអ្នកស្នើសុំ ខណៈការពិតផ្ទុយគ្នា។
សម្តេចបានសង្កត់ធ្ងន់ថា ចាប់តាំងពីថៃបិទព្រំដែនឯកតោភាគី កម្ពុជាមិនដែលស្នើឱ្យបើកឡើងវិញ ហើយថៃចង់បិទ១០០ឆ្នាំឬ៥០០ឆ្នាំ គឺជាសិទ្ធិរបស់ថៃ។ សម្តេច ហ៊ុន សែន ថា ការបិទព្រំដែនមិនបានធ្វើឱ្យកម្ពុជាលំបាកទេ ប៉ុន្តែជំរុញចរាចរទំនិញក្នុងស្រុក និងឧស្សាហកម្មមូលដ្ឋាន ជាឱកាសពង្រឹងសេដ្ឋកិច្ចពឹងខ្លួនឯង។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានពន្យល់ដល់ដៃគូប្រទេសជាច្រើនថា ការបិទព្រំដែនរបស់ថៃមិនត្រឹមប៉ះពាល់ទំនាក់ទំនងទ្វេភាគីទេ ប៉ុន្តែរារាំងគម្រោងតភ្ជាប់អាស៊ាននិងអាស៊ីទាំងមូល រួមទាំងផ្លូវល្បឿនលឿនអាស៊ាន ផ្លូវដែកអាស៊ាន និងច្រករបៀងដឹកជញ្ជូនឆ្លងអាស៊ី។ សម្តេចសង្ឃឹមថា សេចក្តីថ្លែងការណ៍នឹងធ្វើឱ្យរដ្ឋាភិបាលនិងប្រជាជនថៃយល់ការពិត ដោយបញ្ជាក់ជាថ្មីថា កម្ពុជាមិនដែលស្នើឱ្យបើកច្រកឡើងវិញ និងរំលឹកប្រជាពលរដ្ឋកុំចាញ់ពាក្យសម្ដីនយោបាយ។
ស្ថានីយទូរទស្សន៍នេះចងក្រងព័ត៌មាន។







