ថៃបានចាប់ផ្តើមរៀបចំដោះលែងទាហានកម្ពុជា១៨នាក់ដែលត្រូវឃុំខ្លួននៅក្នុងប្រទេសនេះ។ ការសម្រេចធ្វើឡើងក្រោយភាគីទាំងពីរមានការឯកភាពលើការបញ្ជូនទាហានត្រឡប់ និងមានវឌ្ឍនភាពវិជ្ជមានតាមការរាយការណ៍លើលក្ខខណ្ឌ៤ចំណុច។
អ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej Balankura បានឱ្យដឹងថា ទាហានដែលត្រូវឃុំខ្លួនទាំងអស់មានសុខភាពល្អ។ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមត្រូវបានអញ្ជើញឱ្យទៅសួរសុខទុក្ខ និងបានបញ្ជាក់ពីស្ថានភាពសុខភាពរបស់ពួកគេ។
អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ទោ Winthai Suwaree បាននិយាយកាលពីសប្តាហ៍មុនថា ថៃនឹងពិចារណាដោះលែងទាហានក្រោយលក្ខខណ្ឌ៤ត្រូវបានអនុវត្ត។ លក្ខខណ្ឌទាំងនេះរួមមាន៖
១. ដកអាវុធធុនធ្ងន់ពីតំបន់ព្រំដែន។
២. បោសសម្អាតមីន។
៣. បង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។
៤. គ្រប់គ្រងតំបន់ព្រំដែនឱ្យមានប្រសិទ្ធភាព។
លោក Winthai ថា លក្ខខណ្ឌទាំង៤មានវឌ្ឍនភាពជាក់ស្តែង ហើយយោធាកំពុងវាយតម្លៃរៀងរាល់ថ្ងៃ ដើម្បីកំណត់ពេលសមស្របចាប់ផ្តើមនីតិវិធីដោះលែង។
លោក Nikorndej ក៏បានបញ្ជាក់ការវាយតម្លៃនេះ ដោយថា ថៃកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការដោះលែងអ្នកត្រូវឃុំខ្លួន១៨នាក់។ លោកក៏បានបញ្ជាក់ជំហរថៃថា ពួកគេមិនមែនជាឈ្លើយសឹកទេ ព្រោះមិនមានស្ថានភាពសង្គ្រាមរវាងថៃនិងកម្ពុជា។
នៅថ្ងៃទី២៦ ខែតុលា នាយករដ្ឋមន្ត្រីថៃ Anutin និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧នៅម៉ាឡេស៊ី។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងប្រធានាធិបតីអាម៉េរិក Donald Trump បានធ្វើជាសាក្សី។
តាមកិច្ចព្រមព្រៀង ភាគីទាំងពីរនឹងអនុវត្តវិធានការបន្ថយភាពតានតឹងយោធា ក្រោមការសង្កេតរបស់អាស៊ាន រួមទាំងដកអាវុធធុនធ្ងន់ពីព្រំដែនទៅមូលដ្ឋានយោធាធម្មតារបស់ខ្លួន។
ការរៀបចំនេះត្រូវបានមើលឃើញថា ជាជំហានសំខាន់ឆ្ពោះទៅការបន្ធូរបន្ថយភាពតានតឹងព្រំដែន និងកែលម្អទំនាក់ទំនងទ្វេភាគី ព្រមទាំងផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ស្ថានីយទូរទស្សន៍នេះចងក្រងព័ត៌មាន។









