អូកឡែន នូវែលសេឡង់ — នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែររស់នៅនូវែលសេឡង់ជាង២០០នាក់បានប្រមូលផ្តុំនៅអូកឡែន ដើម្បីថ្កោលទោសការបាញ់ប្រហាររបស់យោធាថៃលើជនស៊ីវិលកម្ពុជា។ អ្នកចូលរួមបានបង្ហាញកំហឹងចំពោះការស្លាប់ និងរបួសរបស់ប្រជាជន និងអំពាវនាវឱ្យមានការទទួលខុសត្រូវ។
តំណាងសហគមន៍បានទាមទារឱ្យភាគីថៃផ្តល់ការបំភ្លឺដោយយុត្តិធម៌ចំពោះការប្រើកម្លាំងលើជនស៊ីវិលកម្ពុជា និងជំរុញឱ្យថៃគោរពពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដើម្បីជៀសវាងការរំលោភបន្ថែមលើគោលការណ៍សន្តិភាពតំបន់។ ពួកគេអះអាងថា សកម្មភាពយោធាថៃរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបញ្ឈប់អំពើហិង្សា និងការគំរាមទាំងអស់លើប្រជាជនកម្ពុជាភ្លាមៗ។
អ្នកចូលរួមក៏បានឈរស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធប្រជាពលរដ្ឋកម្ពុជាដែលស្លាប់ក្នុងហេតុការណ៍ និងទាមទារឱ្យថៃដោះលែងទាហានកម្ពុជា១៨នាក់ដែលបានឃុំខ្លួនមុននេះដោយគ្មានលក្ខខណ្ឌ ដោយចោទថាការចាប់ខ្លួននោះគ្មានមូលដ្ឋានច្បាប់។ តំណាងសហគមន៍ក៏អរគុណប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះការចូលរួមសកម្មក្រោយហេតុការណ៍ ដោយយល់ថាវាមានសារៈសំខាន់ក្នុងការបន្ធូរភាពតានតឹង និងជំរុញការដោះស្រាយដោយយុត្តិធម៌។
ការប្រមូលផ្តុំនេះបង្ហាញការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់សហគមន៍ខ្មែរនៅក្រៅប្រទេសចំពោះសន្តិសុខជាតិ និងបញ្ហាមនុស្សធម៌ ហើយអំពាវនាវឱ្យអន្តរជាតិជួយធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
សារព័ត៌មានយើងចងក្រងរាយការណ៍












