ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍នៅថ្ងៃទី២៤ ខែកក្កដាថា នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងអ្នកសារព័ត៌មានឱ្យទទួលព័ត៌មានពីប្រភពផ្លូវការដែលគួរឱ្យទុកចិត្ត ក្នុងអំឡុងពេលដែលស្ថានការណ៍យោធាតាមព្រំដែនកំពុងមានភាពរសើប។ លោកបានស្នើឱ្យជៀសវាងការផ្សព្វផ្សាយព័ត៌មាន រូបភាព ឬវីដេអូមិនច្បាស់ប្រភព ជាពិសេសអំពីការដាក់ពង្រាយកងទ័ព ប្រតិបត្តិការយោធា និងសព្វាវុធឬគ្រឿងបរិក្ខារយោធា។
លោក នេត្រ ភក្ត្រា បានបញ្ជាក់តាមសេចក្ដីប្រកាសនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃដដែលថា ប្រភពផ្លូវការសំខាន់ៗចំនួន៤ សម្រាប់ព័ត៌មានអំពីស្ថានការណ៍យោធាតាមព្រំដែន រួមមាន៖
ថ្នាក់ដឹកនាំកំពូលរបស់ជាតិ
ក្រសួងការពារជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
ព័ត៌មានក្រៅពីប្រភពទាំងនេះមិនមែនជាព័ត៌មានពីប្រភពផ្លូវការទេ។
លោកបានអំពាវនាវជាពិសេសដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ កុំឱ្យបញ្ជូនបន្ត ឬចែករំលែកព័ត៌មាន រូបភាព និងវីដេអូណាដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសមាតិកាអំពីសកម្មភាពកងទ័ព ទីតាំងយោធា ការចល័តកម្លាំង និងសព្វាវុធឬគ្រឿងបរិក្ខារយោធាផ្សេងៗ។
លោកបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋទូទាំងប្រទេសគួរសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរួមគ្នារក្សាភាពត្រឹមត្រូវនៃការផ្សព្វផ្សាយព័ត៌មាន និងសន្តិសុខជាតិ។
អ្នកយកព័ត៌មាន៖ Nget Pisan
អ្នកទទួលបន្ទុកកែសម្រួល៖ 林秋填







