ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍នៅថ្ងៃទី២៤ ខែកក្កដាថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីជម្លោះដែលបានផ្ទុះឡើងតាមព្រំដែនកម្ពុជា–ថៃ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំរបស់ក្រសួងនៅថ្ងៃនោះ។
លោក Guo Jiakun បាននិយាយថា កម្ពុជា និងថៃជាប្រទេសជិតខាងដែលមានទំនាក់ទំនងមិត្តភាពជាមួយចិន និងជាសមាជិកសំខាន់របស់អាស៊ាន។ លោកបានបញ្ជាក់ថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនៃស្ថានការណ៍ ហើយសង្ឃឹមថាភាគីទាំងពីរនឹងដោះស្រាយការខ្វែងគំនិតឱ្យបានសមស្របតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។
លោកបានបន្ថែមថា ការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាង និងការដោះស្រាយការខ្វែងគំនិតឱ្យបានសមស្រប ស្របនឹងផលប្រយោជន៍ជាមូលដ្ឋាន និងរយៈពេលវែងរបស់ប្រទេសទាំងពីរ។ ដោយគិតគូរពីផលប្រយោជន៍ និងកង្វល់រួមរបស់ប្រទេសក្នុងតំបន់ លោកបានបញ្ជាក់ថា ចិនប្រកាន់ជំហរមិនលម្អៀង និងបានខិតខំជំរុញការចរចាដើម្បីសន្តិភាព។ ចិននឹងបន្តលើកទឹកចិត្តឱ្យមានការផ្សះផ្សា និងការចរចាតាមវិធីរបស់ខ្លួន ហើយនឹងដើរតួនាទីក្នុងន័យស្ថាបនា ដើម្បីបន្ធូរបន្ថយភាពតានតឹង។
រៀបរៀងដោយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ។







