ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍ថ្ងៃទី២៦ ខែកក្កដា៖ ការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃដែលបានអូសបន្លាយរយៈពេលពីរថ្ងៃ បានបណ្ដាលឱ្យយោធា និងជនស៊ីវិលកម្ពុជាស្លាប់ និងរបួសជាច្រើននាក់។ នៅព្រឹកថ្ងៃដដែល លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ការបាញ់ផ្លោងជាបន្តបន្ទាប់របស់ទាហានថៃលើដែនអធិបតេយ្យកម្ពុជា បានបណ្ដាលឱ្យយោធាកម្ពុជាពលី៥នាក់ និងរបួស២១នាក់។
អ្វីដែលកាន់តែធ្វើឱ្យតក់ស្លុតនោះ គឺភាគីថៃក៏បានប្រើអាវុធធុនធ្ងន់វាយប្រហារតំបន់លំនៅឋានរបស់ជនស៊ីវិលក្នុងប្រទេសកម្ពុជា ជាពិសេសនៅខេត្តឧត្តរមានជ័យ បណ្ដាលឱ្យជនស៊ីវិលស្លាប់យ៉ាងតិច៨នាក់ និងរបួស៥០នាក់។ លោកស្រី សុជាតា បានលើកឡើងថា ទង្វើបែបនេះជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។
ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ភាគីកម្ពុជាបានរៀបចំការជម្លៀសទ្រង់ទ្រាយធំជាបន្ទាន់។ ប្រជាពលរដ្ឋសរុប៣៥.៨២៩នាក់មកពីខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងពោធិ៍សាត់ ត្រូវបានផ្លាស់ទីទៅទីតាំងសុវត្ថិភាព។ ក្នុងនោះ មានប្រជាពលរដ្ឋពីខេត្តឧត្តរមានជ័យតែមួយចំនួន២៣.៣២៨នាក់។
លោកស្រី សុជាតា បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់ភាគីថៃបានរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ហើយភាគីកម្ពុជាកំពុងខិតខំឆ្លើយតបពេញទំហឹង ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
អ្នកយកព័ត៌មាន៖ Chenda Teyte
កែសម្រួល៖ 林秋填







