រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីការពារជាតិ៖ កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ GBC ជាមួយភាគីថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥

សេចក្តីសង្ខេប

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ សីហា បានច្រានចោលការចោទប្រកាន់របស់ភាគីថៃថាកម្ពុជាបានរំលោភបទឈប់បាញ់។ លោកបានលើកឡើងពីផែនការចុះពិនិត្យតំបន់ព្រំដែន ការសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ និងគម្រោងនៅពេលនោះរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ GBC នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែសីហា។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកក្កដាថា កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង ០០:០០ ថ្ងៃទី២៩ ខែកក្កដា តាមម៉ោងក្នុងស្រុក រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់។ លោកក៏បានច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។

លោក ទៀ សីហា បានឱ្យដឹងថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាគ្រោងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ ។ 

នាយឧត្តមសេនីយ៍ ទៀ សីហា បានឱ្យដឹងបន្ថែមថា នៅព្រឹកថ្ងៃដដែល លោកបានទាក់ទងតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ ។ សេចក្តីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំពិសេសនៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានកំណត់ថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ តាមការរៀបចំនៅពេលនោះ កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំនេះនៅរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដោយរំពឹងថានឹងមានការចូលរួមពីភាគីថៃ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…