រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកនាំពាក្យក្រសួងសាធារណការ៖ ផ្លូវបីខ្សែក្នុងខេត្តឧត្តរមានជ័យរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំរបស់ទាហានថៃ

សេចក្តីសង្ខេប

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គ្រាប់ផ្លោងរបស់ទាហានថៃបានធ្វើឱ្យខូចផ្លូវជាតិលេខ៥៨ និងលេខ៦៨ ព្រមទាំងផ្លូវខេត្តលេខ២៥៦៧ ក្នុងខេត្តឧត្តរមានជ័យ។ ក្រុមការងារខេត្តបានចុះពិនិត្យផ្លូវនៅថ្ងៃទី២៩ និងទី៣០ ខែកក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន។ លោកបញ្ជាក់ថា ផ្លូវជាតិលេខ៥៦ អាចធ្វើចរាចរណ៍បានធម្មតា។

ផ្លូវជាតិលេខ៥៨  លេខ៦៨ និងផ្លូវខេត្តលេខ២៥៦៧ បានរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៩ និងទី៣០ ខែកក្កដា បន្ទាប់ពីបទឈប់បាញ់កម្ពុជា-ថៃចូលជាធរមាន ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានចុះពិនិត្យផ្លូវលម្អិតក្នុងខេត្ត និងស្រុកជាប់ព្រំដែនដែលរងការខូចខាត។ ក្រោយការពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST ក្នុងភូមិសាស្ត្រ ស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ មន្រ្តីជំនាញរកឃើញផ្លូវជាតិលេខ៥៨÷ (ពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ-វង្វង់មូលផ្អុង ក្រុងសំរោង) រងការខូចខាតដោយសារករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចន្លោះគ.ម ១១៨+៥០០ ដល់ គ.ម១៦៣+៣០០ សរុបផ្ទៃកៅស៊ូ ៤៩,៤០ម៉ែត្រការ៉េ សរុបជើងទេ ១០ម៉ែត្រ និងសរុបធ្លុះបេតុងស្ពាន ២ម៉ែត្រការ៉េ។

ចំណែកផ្លូវជាតិលេខ៦៨÷ (ព្រំប្រទល់សៀមរាប-អូរស្មាច់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ចន្លោះ គ.ម ៩០+០០០ ដល់ គ.ម១០៤+០០០ សរុបផ្ទៃកៅស៊ូ ៣៦ម៉ែត្រការ៉េ និងផ្លូវខេត្តលេខ២៥៦៧÷ (គោកមន-ប្រាសាទតាមាន់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ៧ករណីចន្លោះគ.ម ១៥+០០០ ដល់ គ.ម២២+០០០ សរុប ផ្ទៃកៅស៊ូ ១៥០,៦០ម៉ែត្រការ៉េ, សរុប ចិញ្ជើម ១.០០ម៉ែត្រ និងសរុប បេតុងលូ ២.០០ម៉ែត្រគីប

ឯកឧត្តមអ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ថា ក្នុងចំណោមកំណាត់ផ្លូវដែលបានត្រួតពិនិត្យ មានតែផ្លូវជាតិលេខ ៥៨ (ផ្លូវក្រវាត់ទី១) ផ្លូវជាតិលេខ៦៨ និងផ្លូវខេត្តលេខ ២៥៦៧(គោកមន- ប្រាសាទតាមាន់)ប៉ុណ្ណោះ ដែលរងការខូចខាតដោយសារគ្រាប់កាំភ្លើងធំធ្លាក់ចំ។ ចំណែកផ្លូវជាតិលេខ៥៦ អាចចរាចរណ៍បានធម្មតា។ 

ជារួមស្ថានភាពផ្លូវក្នុងស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺនៅមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរបានធម្មតានៅលើកំណាត់ផ្លូវជាតិលេខ៥៦ លើកលែងតែកំណាត់ផ្លូវមួយចំនួនប៉ុណ្ណោះដែលត្រូវការជួសជុលដោយសារការខូចខាតខាងលើ។ អ្នកនាំពាក្យរូបនេះ បានអំពាវនាវប្រជាពលរដ្ឋធ្វើដំណើរដោយប្រុងប្រយ័ត្នលើកំណាត់ផ្លូវដែលរងការខូចខាត ជាពិសេសនៅពេលយប់ ចៀសវាងកើតឡើងគ្រោះថ្នាក់ជាយថាហេតុ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…