រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

និស្សិតកម្ពុជាត្រឡប់មកពីថៃ១៧២នាក់ទទួលបានអាហារូបករណ៍សម្តេចតេជោ

សេចក្តីសង្ខេប

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ថា ចាប់ពីថ្ងៃទី២៤ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា និស្សិតកម្ពុជាចំនួន ៤២៣នាក់បានត្រឡប់ពីប្រទេសថៃ។ ក្នុងនោះ ១៧២នាក់បានស្នើសុំអាហារូបករណ៍ ហើយនឹងទទួលបានអាហារូបករណ៍សម្តេចតេជោ ដើម្បីបន្តការសិក្សានៅកម្ពុជា។

និស្សិតកម្ពុជាដែលវិលត្រឡប់ពីប្រទេសថៃចំនួន ១៧២នាក់ក្នុងចំណោម ៤២៣នាក់ បានស្នើសុំអាហារូបករណ៍ពីក្រសួងអប់រំ។ តាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងផ្តល់អាហារូបករណ៍ក្រោមឈ្មោះថា «អាហារូបករណ៍សម្តេចតេជោ» ជូននិស្សិតទាំង ១៧២នាក់ឱ្យបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជនក្នុងប្រទេសកម្ពុជា។

ចាប់ពីការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មាននិស្សិតកម្ពុជាចំនួន ៤២៣នាក់បានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែកក្កដា។

ក្រសួងអប់រំ បានប្រកាសប្រាប់និស្សិតកម្ពុជាទាំង ១៧២នាក់ឱ្យទាក់ទងគ្រឹះស្ថានឧត្តមសិក្សាដោយផ្ទាល់ ដើម្បីរៀបចំបែបបទ និងដាក់ពាក្យស្នើសុំចូលរៀន។ ក្រសួងអប់រំ ចាត់តាំងឯកឧត្តម ហុង គីមជាង អនុរដ្ឋលេខាធិការ ដែលមានលេខទូរសព្ទនិងតេឡេក្រាម៖ +85512225303 ដើម្បីជួយសម្របសម្រួលជូនដល់និស្សិតកម្ពុជា៕


ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…