រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីការងារបន្តប្រាប់ពលរដ្ឋដែលធ្វើការនៅថៃឱ្យត្រឡប់មកធ្វើការក្នុងស្រុក

សេចក្តីសង្ខេប

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហេង សួរ បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយប្រាប់សាច់ញាតិដែលធ្វើការនៅថៃឱ្យត្រឡប់មកធ្វើការនៅកម្ពុជា។ លោកបានថ្លែងដូច្នេះនៅថ្ងៃទី៣១ ខែកក្កដា ក្នុងពេលចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ពប្រមាណ ៤១០ គ្រួសារ ស្មើនឹង ១ ០៥០ នាក់ នៅខេត្តព្រះវិហារ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយប្រាប់បន្តទៅសាច់ញាតិដែលធ្វើការនៅប្រទេសថៃឱ្យត្រឡប់មកធ្វើការក្នុងស្រុកវិញ ដោយឯកឧត្តលើកឡើងថា ការបំពេញការងារនៅក្នុងស្រុកមានភាពងាយស្រួលច្រើន និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

ការគូសបញ្ជាក់បែបនេះរបស់ឯកឧត្តម ហេង សួរ បានធ្វើឡើងឱកាសឯកឧត្តម អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ពប្រមាណ៤១០គ្រួសារ ស្មើនឹង ១,០៥០នាក់ ដែលភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន៥ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកទីតាំងមានសុវត្ថិភាពក្នុងនៅវត្តឧត្តរគិរីទួលអណ្ដែត នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែកក្កដា។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «ការបំពេញការងារនៅក្នុងស្រុកមានភាពងាយស្រួលច្រើន ពោលគឺ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ ព្រោះមាន ប.ស.ស. និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង»។ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជួយប្រាប់បន្តទៅបងប្អូនសាច់ញាតិ ដែលធ្វើការនៅប្រទេសថៃឱ្យត្រឡប់មកធ្វើការក្នុងស្រុកវិញ។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានថ្លែងអំណរគុណនិងគោរពដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី ព្រមទាំងជូនពរដល់វីរកងទ័ពដែលរងរបួស សូមឱ្យបានឆាប់ជាសះស្បើយវិញ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…