ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី២ ខែសីហា៖ នៅព្រឹកថ្ងៃដដែល ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា ស្ថានទូតចិនប្រចាំកម្ពុជានឹងផ្តល់ជំនួយមានតម្លៃ ១០ម៉ឺនដុល្លារអាមេរិក ដល់ទីតាំងស្នាក់នៅមួយសម្រាប់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅក្នុងប្រទេសកម្ពុជា។
ទីតាំងស្នាក់នៅនោះស្ថិតនៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោក Wang Wenbin បានឱ្យដឹងថា ជំនួយនេះមានគោលបំណងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីតាំងនោះ។ លោកក៏បានជូនពរឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការប្រយុទ្ធ អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពក្នុងពេលឆាប់ៗ។
រៀបរៀងដោយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ។













