ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍នៅថ្ងៃទី២ ខែសីហា៖ ក្រសួងព័ត៌មានកម្ពុជាបានចេញសេចក្តីណែនាំនៅថ្ងៃទី១ ខែសីហា ដោយហាមឃាត់ការផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មានអំពីការដាក់ពង្រាយកងទ័ព ចលនាកងទ័ព ទីតាំងកងទ័ព ការប្រើប្រាស់អាវុធ និងការសម្ងាត់យោធា ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ឬសុវត្ថិភាពបុគ្គល។ ក្រសួងបានបញ្ជាក់ថា ការបំពានសេចក្តីណែនាំនេះនឹងត្រូវចាត់ការតាមច្បាប់។
ក្រសួងព័ត៌មានបានឱ្យដឹងថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយរូបថតពីតំបន់ជួរមុខ ដែលបង្ហាញទីតាំងកងទ័ព អាវុធនិងបរិក្ខារយោធា ការសម្ងាត់យោធា និងយុទ្ធសាស្ត្រប្រយុទ្ធ។ ក្រសួងថា ការបង្ហាញព័ត៌មានទាំងនេះអាចប៉ះពាល់ដល់សន្តិសុខជាតិ អាយុជីវិតទាហាន និងបេសកកម្មការពារជាតិ។
ក្រសួងព័ត៌មានតម្រូវឱ្យអ្នកផ្សព្វផ្សាយ និងចែករំលែកព័ត៌មានការពារសន្តិសុខជាតិ សាមគ្គីភាពជាតិ ស្មារតីកងទ័ព ទំនាក់ទំនងការបរទេស និងសិទ្ធិបុគ្គល ព្រមទាំងជៀសវាងការញុះញង់ឱ្យមានការប្រឆាំងគ្នាដោយសារជាតិសាសន៍ ឬសាសនា។ ព័ត៌មានត្រូវផ្ទៀងផ្ទាត់តាមបណ្តាញផ្លូវការរបស់ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
ក្រសួងព័ត៌មានតម្រូវឱ្យអ្នកដែលទៅយកព័ត៌មាននៅតំបន់ជួរមុខ ជូនដំណឹងជាមុន និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន និងអាជ្ញាធរមានសមត្ថកិច្ចនៅតំបន់ជួរមុខ។ សកម្មភាពបែបនេះត្រូវកាត់បន្ថយឱ្យបានច្រើនតាមដែលអាចធ្វើបាន ហើយត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងបទប្បញ្ញត្តិជាធរមាន។
ក្រសួងព័ត៌មានបានអំពាវនាវឱ្យសាធារណជនកុំផ្សព្វផ្សាយព័ត៌មានមិនពិត និងរួមគ្នារក្សាការពិត សន្តិភាព និងសាមគ្គីភាពជាតិ។ ក្រសួងបានលើកឡើងថា ភាគីម្ខាងទៀតព្យាយាមប្រើព័ត៌មានមិនពិត ព័ត៌មាននាំឱ្យយល់ច្រឡំ ឬព័ត៌មានបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅកម្ពុជា ដើម្បីបង្កើតលេសសម្រាប់រំលោភបំពានលើទឹកដីកម្ពុជា។
អ្នកយកព័ត៌មាន៖ Nget Pisan
អ្នកទទួលបន្ទុកកែសម្រួល៖ Zhao Yi









