រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

កម្ពុជាឯកភាពសំណើប្រធានាធិបតីអាម៉េរិកឱ្យមានការឈប់បាញ់ភ្លាមដោយឥតលក្ខខណ្ឌដូចធ្លាប់បញ្ជាក់ជាមួយឯឧត្តមប្រធានប្ដូរវេនអាស៊ានដែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានឯកភាពលើសំណើឱ្យឈប់បាញ់ភ្លាមៗដោយគ្មានលក្ខខណ្ឌ។ លោកបានចាត់ឱ្យរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បន្តពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីអូ ដើម្បីសម្របសម្រួលជាមួយភាគីថៃ។

ក្រសួងការពារជាតិច្រានចោលការចោទប្រកាន់ពីភាគីថៃថាកម្ពុជាបាញ់គ្រាប់ផ្លោងចូលទឹកដីឡាវ

នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានច្រានចោលការចោទប្រកាន់របស់ភាគីថៃថាកម្ពុជាបាញ់គ្រាប់ផ្លោងចូលដីឡាវ។ លោកជំទាវបានលើកឡើងពីភាពមិនស៊ីគ្នានៃសេចក្តីផ្សាយរបស់ភាគីថៃ និងបានពណ៌នាការវាយបករបស់កម្ពុជាថាជាការការពារខ្លួន។

អាជ្ញាធរមីនព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះគ្រាប់បែកចង្កោមដែលថៃបាញ់លើទឹកដីកម្ពុជា

ក្នុងសេចក្តីអំពាវនាវថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរមីនបានព្រមានប្រជាពលរដ្ឋនៅតាមព្រំដែនឱ្យប្រុងប្រយ័ត្នចំពោះគ្រាប់បែកចង្កោម ដែលសេចក្តីអំពាវនាវនេះអះអាងថាកងទ័ពថៃបានប្រើប្រាស់នៅកម្ពុជា។

អ្នកនាំពាក្យ៖កងទ័ពថៃប្រើអាវុធធុនធ្ងន់ផ្លោងចូលទឹកដីកម្ពុជាមិនខ្វល់ពីសុវត្ថិភាពជនស៊ីវិល

អ្នកនាំពាក្យក្រសួងការពារជាតិ ម៉ាលី សុជាតា បានថ្លែងនៅថ្ងៃទី២៦ ខែកក្កដាថា កងទ័ពថៃបន្តប្រើអាវុធធុនធ្ងន់ផ្លោងចូលទឹកដីកម្ពុជា។ លោកជំទាវបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមិនទាន់មានការផ្ទុះអាវុធទេ ប៉ុន្តែរងការដាក់សម្ពាធ និងគំរាមកំហែងពីកងទ័ពថៃ។

កម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារជាបន្ទាន់

អាជ្ញាធរជាតិព្រះវិហារបានទាមទារឱ្យភាគីថៃបញ្ឈប់ការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញជាបន្ទាន់។ ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២៦ ខែកក្កដា អាជ្ញាធរបានថ្កោលទោសការវាយប្រហារដែលខ្លួនអះអាងថាបានកើតឡើងនៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៥។

ការបាញ់ផ្លោងជាបន្តបន្ទាប់របស់ទាហានថៃធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់ជាច្រើនក្នុងកម្ពុជាជាប់គាំង ខណៈស្ថានការណ៍ធ្ងន់ធ្ងរ

ទូរទស្សន៍យើងរាយការណ៍ថ្ងៃទី២៦ ខែកក្កដា តាមក្រសួងការពារជាតិ ថាទាហានថៃបាញ់ផ្លោង៥គ្រាប់ នៅម៉ោង៥និង២នាទីព្រឹក លើទីតាំងក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន បញ្ជាក់ដាច់ដោយឡែកថា ចំណុចកូនដំរី និងច១ រងការបាញ់ផ្លោង ធ្វើឱ្យសាលារៀន៤កន្លែងបិទទ្វារ។

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ទាហានកម្ពុជាបានពលី៥នាក់ និងរបួស២១នាក់ ពលរដ្ឋស្លូតត្រង់ស្លា.ប់.៨នាក់ និងរបួស៥០នាក់

អ្នកនាំពាក្យក្រសួងការពារជាតិ ម៉ាលី សុជាតា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ថា ការប្រយុទ្ធពីរថ្ងៃកន្លងមក ក្រោយថៃបាញ់ប្រហារឈ្លានពានដែនអធិបតេយ្យកម្ពុជា បានបណ្ដាលឱ្យទាហានកម្ពុជាពលី៥នាក់ និងរបួស២១នាក់។ របាយការណ៍នេះក៏បានឱ្យដឹងថា ជនស៊ីវិលកម្ពុជានៅខេត្តឧត្តរមានជ័យស្លាប់៨នាក់ និងរបួស៥០នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថៃគ្មានឆន្ទៈបញ្ចប់ជម្លោះប្រដាប់អាវុធជាមួយកម្ពុជាឡើយ

នៅក្នុងសារនារសៀលថ្ងៃទី២៥ ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាយល់ព្រមនឹងសំណើឈប់បាញ់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។ សម្តេចបានអះអាងថា ភាគីថៃបានយល់ព្រមឈប់បាញ់នៅម៉ោង១២យប់ថ្ងៃទី២៤ ខែកក្កដា ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរជំហរ។

អ្នកនាំពាក្យ៖ថៃប្រើកាំភ្លើងធំ យន្តហោះទម្លាក់គ្រាប់F-16 និងគ្រាប់បែកចង្កោមវាយលុកលើកម្ពុជា

នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បានអះអាងថា កងទ័ពថៃបានប្រើកាំភ្លើងធំ យន្តហោះ F-16 រថក្រោះ ដ្រូន និងគ្រាប់បែកចង្កោម វាយលុកលើកម្ពុជា។